ការងារស្នូលរបស់ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ គឺផ្តល់សេវាកម្មច្បាប់ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ រួមជាមួយសេវាកម្មពាក់ព័ន្ធមួយចំនួនទៀត លាតសន្ធឹងគ្រប់រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ។ សេវាកម្មទាំងនោះរួមមាន៖

សេវាកម្មច្បាប់៖

ផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ទូទៅ

 • ណែនាំ និងបង្ហាញអំពីប្រភេទ និងទម្រង់នៃបញ្ហា ឬ វិវាទដែលអតិថិជនកំពុងជួបប្រទះ ។
 • វិភាគ និងឆ្លុះបញ្ចាំងអំពីឬសគល់នៃបញ្ហា ឬ វិវាទដែលកើតមានចំពោះអតិថិជន ។
 • វិភាគផ្នែកច្បាប់ និងឆ្លុះបញ្ចាំងលើបញ្ហា ឬ វិវាទ ដើម្បីកំណត់ចំនុចវិជ្ជមាន និងអវិជ្ជមាននៃស្ថានភាពរបស់អតិថិជនលើចំនុចវិវាទ ។
 • បង្ហាញ និងតម្រង់ទិសដល់អតិថិជន ស្តីពីអាទិភាពក្នុងការដោះស្រាយបញ្ហា តាមរយៈយន្តការនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធ ឬ តាមរយៈយន្តការសាលាជម្រះក្តី ។
 • ប្រឹក្សាយោបល់ និងតម្រង់ទិសក្នុងការរៀបចំបណ្តាំមរតក ។

ចូលរួមក្នុងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

 • តំណាងឱ្យភាគី ចូលរួមក្នុងដំណើរការផ្សះផ្សា ចរចា សម្រុះសម្រួល លើគ្រប់វិវាទរដ្ឋប្បវេណី ការងារ និងពាណិជ្ជកម្ម ។ល។
 • តំណាងឱ្យភាគីក្នុងដំណើរការមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ។
 • តំណាង និងការពារអតិថិជនក្នុងដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទាក់ទងនឹងវិវាទការងារ ។

រៀបចំតាក់តែងលិខិតស្នាមគតិយុត្តិ និងធ្វើសក្ខីកម្មលើលិខិតស្នាមផ្សេងៗ

 • ប្រឹក្សាយោបល់ និងរៀបចំតាក់តែងកិច្ចសន្យាគ្រប់ប្រភេទ និងគ្រប់ទម្រង់ ស្របតាមតម្រូវការរបស់អតិថិជន រួមទាំងចុះហត្ថលេខា និងប្រថាប់ត្រា ធ្វើជាសាក្សីលើកិច្ចសន្យា ។
 • ប្រឹក្សាយោបល់ និងរៀបចំពាក្យបណ្តឹងនានា ស្របតាមអង្គហេតុ និងតាមការទាមទាររបស់កូនក្តី ។
 • រៀបចំតាក់តែងកិច្ចព្រមព្រៀង លក្ខន្តិកៈក្រុមហ៊ុន និងឯកសារផ្សេងៗទៀត តាមតម្រូវការរបស់អតិថិជន ។
 • ចុះហត្ថលេខា និងប្រថាប់ត្រា បញ្ជាក់លើឯកសារផ្សេងៗ ដោយអនុលោមតាមច្បាប់ ។

សេវាកម្មច្បាប់លើវិវាទក្នុងនីតិវិធីតុលាការ

 • ធ្វើជាមេធាវីតំណាងដោយអាណត្តិឱ្យអតិថិជន (កូនក្តី) ក្នុងរឿងក្តីរដ្ឋប្បវេណី រួមមាន បណ្តឹងអង្គសេចក្តី បណ្តឹងរក្សាការពារ បណ្តឹងអនុវត្តដោយបង្ខំ បណ្តឹងឋានៈបុគ្គល រឿងក្ដីរដ្ឋប្បវេណីដែលមិនមែនជាបណ្ដឹង និងពាក្យសុំនានា នៅគ្រប់ដំណាក់កាលនៃនីតិវិធីរបស់សាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល ។
 • ធ្វើជាអ្នកតំណាង និងការពារសិទ្ធិឱ្យដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌ ។
 • ធ្វើជាមេធាវីការពារសិទ្ធិ (កូនក្តី) ក្នុងរឿងក្តីព្រហ្មទណ្ឌ នៅគ្រប់ដំណាក់កាលនៃការស៊ើបអង្កេតបឋម ដំណាក់កាលចោទប្រកាន់ (អយ្យការ) ស៊ើបសួរ និងជំនុំជម្រះក្តី ។ ការការពារសិទ្ធិនេះ ក៏នឹងធ្វើនៅគ្រប់សាលាជម្រះក្តី រួមមានសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល ផងដែរ ។

ការពារកូនក្តីចំពោះមុខក្រុមប្រឹក្សាវិន័យ

 • ជាអ្នកការពារក្តី និងសិទ្ធិរបស់កូនក្តីចំពោះមុខក្រុមប្រឹក្សាវិន័យរបស់ស្ថាប័នសាធារណៈ ឯកជន ឬ ក្នុងក្របខណ្ឌវិជ្ជាជីវៈ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែង ។

សេវាកម្មច្បាប់ប្រចាំក្រុមហ៊ុន

 • ធ្វើជាមេធាវីតំណាង និងប្រឹក្សាយោបល់ប្រចាំក្រុមហ៊ុន ។ ធ្វើជាមេធាវីតំណាងក្រុមហ៊ុន និងការពារផលប្រយោជន៍ក្រុមហ៊ុននៅគ្រប់កាលៈទេសៈទាំងអស់ ស្របតាមច្បាប់ជាធរមាន ។
 • តំណាងឱ្យក្រុមហ៊ុន ក្នុងការចូលរួមពិភាក្សា និងចរចា គ្រប់ការងារពាក់ព័ន្ធដែលក្រុមហ៊ុនបានស្នើសុំ និងចាត់តាំង ។
 • ផ្តល់ការប្រឹក្សា និងសម្របសម្រួលផ្នែកច្បាប់ជាប្រចាំ ដល់រាល់ប្រតិបត្តិការរបស់ក្រុមហ៊ុន ។
 • បំពេញតួនាទីជា “អភិបាលឯករាជ្យ” ដែលត្រូវបានចាត់តាំងដោយក្រុមហ៊ុន ឬ ស្ថាប័នមានសមត្ថកិច្ច ។

សេវាកម្មពាក់ព័ន្ធ៖

សេវាប្រឹក្សាយោបល់លើគម្រោងវិនិយោគ

 • ប្រឹក្សាយោបល់លើគម្រោងវិនិយោគដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា ។
 • ប្រឹក្សាលើគម្រោងវិនិយោគផ្នែកអចលនទ្រព្យ និងគម្រោងពាក់ព័ន្ធ ។
 • វិភាគ និងតម្រង់ទិសសម្រាប់គម្រោងវិនិយោគនានា ។
 • ការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការវិនិយោគ ។
 • រៀបចំ និងសម្របសម្រួលការចុះបញ្ជីគម្រោង ឬ ក្រុមហ៊ុនវិនិយោគ តាមស្ថាប័នពាក់ព័ន្ធ ។

ចុះបញ្ជីក្រុមហ៊ុន អង្គការ សមាគម

 • រៀបចំឯកសារ និងសម្របសម្រួលដំណើរការចុះបញ្ជីបើកក្រុមហ៊ុន អង្គការ សមាគម នៅតាមស្ថាប័នមានសមត្ថកិច្ច ដូចជា ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាដើម ។
 • រៀបចំឯកសារ និងសម្របសម្រួលដំណើរការកែប្រែ និងផ្លាស់ប្តូរលក្ខន្តិកៈក្រុមហ៊ុន អង្គការ សមាគម នៅគ្រប់ស្ថាប័នពាក់ព័ន្ធ ។
 • រៀបចំឯកសារ និងសម្របសម្រួលដំណើរការបិទបញ្ជី ជម្រះបញ្ជីបិទក្រុមហ៊ុន អង្គការ សមាគម ។
 • រៀបចំឯកសារ និងសម្របសម្រួលដំណើរការស្នើសុំអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មផ្សេងៗ ។

ផ្នែកពន្ធ

 • ប្រឹក្សាយោបល់ និងរៀបចំឯកសារពាក់ព័ន្ធនឹងផ្នែកពន្ធ ការបង់ពន្ធ (ពន្ធប្រចាំខែ និងប្រចាំឆ្នាំ) របស់អតិថិជន ក្រុមហ៊ុន អង្គការ សមាគម ផ្សេងៗ ។
 • រៀបចំឯកសារ និងសម្របសម្រួលដំណើរការធ្វើប៉ាតង់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ។
 • ផ្តល់ការបណ្តុះបណ្តាល និងបង្ហាត់បង្ហាញដល់បុគ្គលិកក្រុមហ៊ុន អង្គការ សមាគម លើជំនាញពន្ធ ។

ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ

 • ប្រឹក្សាយោបល់សម្រាប់រៀបចំប្រព័ន្ធគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អង្គការ សមាគម ។
 • ទទួលរៀបចំប្រព័ន្ធគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ រួមទាំងឯកសារពាក់ព័ន្ធជាលក្ខណៈស្តង់ដាសម្រាប់ក្រុមហ៊ុន អង្គការ សមាគម ។
 • ទទួលរៀបចំរបាយការណ៍ហិរញ្ញវត្ថុផ្ទៃក្នុងប្រចាំខែ និងប្រចាំឆ្នាំរបស់ក្រុមហ៊ុន អង្គការ សមាគម ។

ប្រឹក្សាលើការស្នើសុំចូលសញ្ជាតិខ្មែរ

 • ប្រឹក្សាយោបល់ស្តីពីលក្ខខណ្ឌ និងលក្ខណៈសម្បត្តិសម្រាប់ស្នើសុំចូលសញ្ជាតិខែ្មរ តាមរយៈសញ្ជាតិតូបនីយកម្ម ។
 • រៀបចំឯកសារស្នើសុំចូលសញ្ជាតិខ្មែររបស់ជនបរទេស តាមរយៈសញ្ជាតិតូបនីយកម្ម ស្របតាមច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

សេវាកម្មច្បាប់លើសេវាហិរញ្ញវត្ថុមិនមែនធនាគារ

 • ប្រឹក្សាយោបល់ រៀបចំឯកសារ និងបញ្ជាក់លិខិតនានាទាក់ទងនឹងវិស័យមូលបត្រ
 • ប្រឹក្សាយោបល់ និងរៀបចំឯកសារផ្សេងៗពាក់ព័ន្ធនឹងកិច្ចការបរធនបាលកិច្ច ។

សេវាច្បាប់លើការស្នើសុំទិដ្ឋាការ

 • រៀបចំឯកសារស្នើសុំ និងសម្របសម្រួលដំណើរការស្នើសុំទិដ្ឋាការគ្រប់ប្រភេទ រួមមានការស្នាក់នៅ  ការសិក្សា  ការធ្វើជំនួញ  ដំណើរកម្សាន្ត  និងប្រភេទផ្សេងៗទៀត​ ។

សេវាច្បាប់លើការចុះបញ្ជីអំពីការបង្កើត និងការលុបហ៊ីប៉ូតែក

 • រៀបចំឯកសារស្នើសុំ និងសម្របសម្រួលលើដំណើរការចុះបញ្ជីអំពីការបង្កើតហ៊ីប៉ូតែក ។
 • រៀបចំឯកសារស្នើសុំ និងសម្របសម្រួលលើដំណើរការចុះបញ្ជីអំពីការលុបការចុះបញ្ជីអំពីហ៊ីប៉ូតែក ។

សេវាកម្មច្បាប់លើវិស័យអចលនទ្រព្យ

 • រៀបចំឯកសារតាមនីតិវិធីច្បាប់ ក្នុងការចុះបញ្ជីកម្មសិទ្ធិ ឬផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យ ។
 • រៀបចំឯកសារសម្រាប់ការបង់ពន្ធចុះបញ្ជីកម្មសិទ្ធិ​ ឬផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យ ។
 • រៀបចំឯកសារសម្រាប់ការបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ​ ។
 • រក្សាទុកប្លង់ និងឯកសារពាក់ព័ន្ធ ក្រោយពេលចុះបញ្ជីកម្មសិទ្ធិ ឬផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យ ។
 • ធ្វើជាមេធាវីតំណាងឱ្យអតិថិជនក្នុងការធ្វើសកម្មភាពពាក់ព័ន្ធនឹងការជួល ឬលក់អចលនទ្រព្យ ។